តើអ្នកដឹងទេ​ថា​ស្មាតហ្វូន​ម៉ូឌែល​មួយ​ណា​ដែល​បញ្ចេញ​វិទ្យុសកម្មខ្លាំង​ជាង​គេ?

នាពេលបច្ចុប្បន្ននេះ មនុស្យស្ទើរតែទាំងអស់ទៅហើយ ដែលបានដាក់ឧបករណ៍ស្មាតហ្វូនជាប់ខ្លួនរហូត ដល់ទៅ 24 ម៉ោងក្នុងមួយថ្ងែ ដោយទុកនៅក្នុងហោប៉ៅខោ ឬអាវ នៅពេលដែលមិនត្រូវការប្រើប្រាស់ និងយកមកដាក់ត្រចៀក នៅពេលត្រូវការ​និយាយ​ទូរសព្ទ​ផង​ដែរ។ បើនិយាយអំពីការបារម្ភ ក្នុងខណៈពេលដែលមានស្មាតហ្វូនជិតខ្លួនវិញ គឺជាបញ្ហាធំជាងគេ និងជាបញ្ហាដែលមនុស្យជាច្រើន មិន​សូវ​ចាប់អារម្មណ៍ឡើយ នោះមានតែការបញ្ចេញវិទ្យុសកម្មប៉ុណ្ណោះ ដូច្នេះហើយបានជា ការិយាល័យ​សហព័ន្ធ​អាឡឺម៉ង់​សម្រាប់​ការ​ការពារ​វិទ្យុសកម្ម (Bundesamt für Strahlenschutz) ដាក់បញ្ចេញតារាងបង្ហាញអំពី ម៉ូឌែលស្មាតហ្វូនណាមួយ​ដែល​ស្ថិត​នៅ​ក្នុង​កម្រិត​ខ្ពស់ និងខ្លះទៀតមិនសូវបញ្ចេញវិទ្យុសកម្មនោះឡើយ។

ស្មាតហ្វូនគឺពិតជាមានការពេញនិយម នៅក្នុងសម័យទំនើប ដោយឧបករណ៍អេឡិចត្រូនិកមួយនេះ អាចជំនួសដល់​ការងារ​ប្រចាំ​ថ្ងៃ​បាន​យ៉ាងច្រើន និងថែមទាំងអាចកំដរភាពអផ្សុក អ្នកប្រើប្រាស់បានថែមទៀតផង ប៉ុន្ដែនៅលើពិភពលោកនេះ អ្វីក៏មានភាពអវិជ្ជមានដែរ ដោយសំដៅទៅលើស្មាតហ្វូនវិញ នោះគឺបញ្ហាវិទ្យុសកម្មតែម្ដង។ បើយោងទៅតាមតារាងរូបភាពខាងក្រោម នោះយើងនឹងឃើញ​ថា​ម៉ូឌែល​​ស្មាតហ្វូន ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង 3 គឺមានដូចជា Xiaomi Mi A1 ស្ថិតនៅលើកំពូលតែម្ដង បន្ទាប់មក OnePlus 5T ទទួលបានលេខ 2 និងចំណាត់ថ្នាក់លេខ 3 បានទៅលើ Xiaomi Mi Max 3 ផងដែរ។

ចំណែកឯក្រុមហ៊ុនផលិតស្មាតហ្វូន ដែលមានភាពល្បីល្បាញ Apple ក៏ឃើញមានស្មាតហ្វូនចំនួន 2 ម៉ូឌែល ជាប់នៅក្នុងតារាង​មួយ​នេះ​នឹងគេដែរ ដោយមានតែ iPhone 7 និង iPhone 8 ប៉ុណ្ណោះ និងអ្វីដែលគួរឲ្យកត់សំគាល់នោះគឺថា ហាក់បីដូចជាមិនប្រទះឃើញ​មាន​ម៉ូឌែល​ស្មាតហ្វូន សូម្បីតែមួយចេញពីក្រុមហ៊ុន Samsung នៅលើតារាងស្មាតហ្វូនដែលបញ្ចេញវិទ្យុសកម្មច្រើនជាគេមួយ​នេះ​សោះ​ឡើយ។

ផ្ទុយទៅវិញ ម៉ូឌែលស្មាតហ្វូនជាច្រើន ដែលបានចេញពីក្រុមហ៊ុន Samsung ត្រូវបានប្រទះឃើញនៅក្នុងតារាងផ្សេងមួយទៀត សម្រាប់​​បង្ហាញអំពីម៉ូឌែលស្មាតហ្វូននានា ដែលបានបញ្ចេញវិទ្យុសកម្មតិចជាងគេផងដែរ។ ដោយចំណាត់ថ្នាក់លេខ 1 ត្រូវបាន​ផ្ដល់​ទៅ​លើ Galaxy Note 8 បន្ដដោយស្មាតហ្វូនពីក្រុមហ៊ុន ZTE ម៉ូឌែល Axon Elite និងចំណាត់ថ្នាក់លេខ 3 បានទៅលើស្មាតហ្វូន LG G7 តែម្ដង។

សរុបមក ប្រិយមិត្តអ្នកអានទាំងអស់គ្នា ប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីបានជាស្មាតហ្វូនមួយចំនួន មិនមានមុខនៅលើតារាង​ទាំង​អស់​នេះ ដោយមូលហេតុអាចមកពីស្មាតហ្វូនទាំងនោះ មិនបានយកមកធ្វើតេស្ដដូចទៅនឹងស្មាតហ្វូនខាងលើ ឬមួយក៏អាចជាស្មាតហ្វូន​ទាំង​នោះ ទទួលបានលទ្ធផលនៅចំពាក់កណ្ដាល ដែលមិនបញ្ចេញវិទ្យុសកម្មខ្លាំងពេក ហើយក៏មិនបញ្ចេញតិចដែរ បើពន្យល់​ឲ្យស្រួល​យល់​នោះ គឺថាស្ថិតនៅកម្រិតមធ្យមផងដែរ។

 

ប្រភព: Cambo Report

Share on :