ទី​បំផុត​​ក្រុម​ហ៊ុន​ចិន​ OPPO​ និង​ Xiaomi​ ដាក់​បង្ហាញ​បច្ចេក​វិទ្យា​ថ្មី​បង្កប់​កាមេរ៉ា​ថត​ Selfie​ ក្រោម​អេក្រង់​បាន​សម្រេច​ហើយ​

រហូតមកដល់ពេលនេះ មានបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីផ្គាប់ចិត្តអ្នកប្រើប្រាស់ ដែលចង់បានផ្ទៃអេក្រង់លាតសន្ធឹងធំ គែមខ្លី តែគ្មានបំពាក់ម៉ូតឆក ណាមួយ ឬការដាក់លេនទំលុះអេក្រង់ ជាដើម ដែលជាកន្លែង កាមេរ៉ាថត Selfie នោះ។ ជាក់ស្តែង ពួកគេធ្វើបានមែន ជាមួយការពង្រីក អោយផ្ទៃអេក្រង់លាតធំ គ្មានឆក ដោយជំនួយការដាក់កាមេរ៉ា Selfie អោយផុសឡើង ឬហូតចេញ ពីតួខ្លួនវិញ ខណៈម៉ូឌែលខ្លះទៀត ប្រើកាមេរ៉ាអោយដើរតួ ជាកាមេរ៉ាមុខផង ក្រោយផង ក៏មាន។

បើទោះជាវិធីនេះល្អ អាចផ្តល់អោយផ្ទៃអេក្រង់លាតធំ បានពិតមែន ក៏ប៉ុន្តែអ្នកប្រើប្រាស់ មួយភាគផ្សេង នៅតែមិនសូវជាពេញចិត្ត ព្រោះពួកគេយល់ថា ការបំពាក់កាមេរ៉ាហូតឡើង ឬផុសបែបនេះ មិនអាចផ្តល់ទំនុកចិត្ត បានខ្ពស់ឡើយ ប្រសិនបើពេលមានរឿងមិនល្អណាមួយ ចូលមកដោយមិនព្រាងទុក ប៉ះពាល់ដល់កាមេរ៉ា Selfie នោះ។ ពួកគេ តែងតែស្រមៃចង់បានថា នៅអនាគត នឹងមានក្រុមហ៊ុនណាមួយ អាចបំពាក់កាមេរ៉ាមុខ បង្កប់ក្រោមអេក្រង់ ដែលមិនអោយឃើញប្រជ្រុយខ្មៅ (លេនកាមេរ៉ា) ដូចនៅលើស្មាតហ្វូនមួយចំនួន ក្នុងពេលសព្វថ្ងៃនេះទេ។   

នៅទីបំផុត អនាគតដែលគេរំពឹងនោះ ហាក់មិននៅឆ្ងាយទៀតឡើយ ព្រោះថាពេលនេះ ក្រុមហ៊ុនចិន OPPO ទើបនឹងបានធ្វើការដាក់បង្ហាញ នូវបច្ចេកវិទ្យាថ្មី ដំបូងគេបង្អស់ នៅក្នុងពិភពលោក ដែលបង្កប់កាមេរ៉ាថត Selfie ក្រោមអេក្រង់ បានសម្រេច ជាផ្លូវការ។ ក្នុងនោះ OPPO ក៏បានចេញជាវីដេអូ បង្ហាញអោយយើងគ្រប់គ្នា បានឃើ់ញ ផងដែរ។ រំលងមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែក្រុមហ៊ុនចិន Xiaomi ក៏បានបង្ហាញនូវបច្ចេកវិទ្យាថ្មី បង្កប់កាមេរ៉ាថត Selfie ក្រោមអេក្រង់បាន ដូចទៅនឹង OPPO ដែរ អមមកជាមួយវីដេអូបង្ហាញ ស្តែងៗ មិនអោយចាញ់គ្នាឡើយ។ 

 

នេះជាវីដេអូ៖

https://www.youtube.com/watch?v=T9kb_KlDZeo

សរុបមក យើងអាចនិយាយបានថា ក្រុមហ៊ុនចិនទាំងពីរនេះ ពិតជាខិតខំខ្លាំងមែនទែន ដើម្បីរិះរកវីធី អាចបំពាក់បច្ចេកវិទ្យា បង្កប់កាមេរ៉ាថត Selfie ក្រោមអេក្រង់បាន ដោយលែងប្រើស្ទីលម៉ូតឆក ឬហូតកាមេរ៉ាឡើង ឬផុសចេញពីតួខ្លួនទៀតហើយ។ និយាយរួម ប្រហែលជាមិនយូរទៀតទេ ម៉ូតឆកគ្រប់ទម្រង់ ដែលកំពុងមាន នៅលើម៉ូឌែលស្មាតហ្វូនលំដាប់បង្គួរ និងកំពូលនោះ អាចនឹងលែងមានវត្តមានហើយ។

ប្រភពពី: Cambo Report

 

Share on :