ក្រោយពីរង់ចាំជាច្រើនខែមក ទីបំផុត Apple បានទម្លាក់ចេញ iOS 15 ជំនាន់សាធារណៈ ជាផ្លូវការហើយ ដោយនៅក្នុងនោះ ប្រទេសកម្ពុជាយើង ក៏ទើបទទួលបានដែរ ពីយប់ម៉ោង 00:00AM ឈានចូលថ្ងៃ 21 គឺក្នុងថ្ងៃនេះតែម្តង។ ចំពោះការមកដល់នេះដែរ យើងឃើញថា វាមានការអាប់ដេត និងដុសខាត់លើមុខងារ បានជាច្រើនជាងមុន បើធៀបជាមួយជំនាន់ iOS 14.8 ដែលទើបចេញចុងក្រោយ កាលពីប៉ុន្មានថ្ងៃមុននេះ។ ចុះបើសិនជាចង់តម្លើងទៅកាន់ iOS 15 ជំនាន់ផ្លូវការក្នុងពេលនេះ តើជារឿងល្អឬទេ?
ដូច្នេះ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការបង្ហាញបន្ថែម ដើម្បីផ្តល់ជាគំនិតពិចារណា សម្រាប់អ្នកប្រើ iPhone ទាំងអស់គ្នា ចាប់ពីស៊េរី iPhone SE ជំនាន់ដំបូងឡើងទៅ ថាគួរតម្លើងទៅកាន់ iOS 15 ដែរឬអត់។ ជាការពិតណាស់ សម្រាប់ការឡើងមក iOS 15 ផ្លូវការនេះ វាមិនពិបាកទេ ហើយពិសេស វាបានផ្តល់ជូននូវមុខងារល្អៗមួយចំនួន ក៏ដូចជាការអាប់ហ្គ្រេតលើចំនុចមួយចំនួន ឲ្យកាន់តែល្អប្រសើរ ផងដែរ។ ម៉្យាង ការតម្លើងមកកាន់ iOS 15 ក្នុងពេលនេះ យើងក៏នឹងទទួលបាននូវបទពិសោធន៍ថ្មី លើការប្រើប្រាស់បានច្រើនជាងមុន ជាមួយអ្វីដែល Apple បានបញ្ចូលក្នុង iOS 15 ជំនាន់សាធារណៈ ជាផ្លូវការនេះ គ្រាន់តែ មុខងារមួយចំនួន គឺមិនមាននៅលើ iPhone ស៊េរីមុន ដោយរាប់ចាប់ពី iPhone X ចុះក្រោម ហើយនេះ ក៏ជាចំនុចដែលយើងជាម្ចាស់ iPhone ត្រូវតែដឹង ផងដែរ។ ចំពោះបញ្ហាវិញ គឺមិនខុសពីរាល់ឆ្នាំទេ ដោយភាគច្រើន ការតម្លើងទៅកាន់ iOS ថ្មី ក្នុងជំនាន់ចេញផ្លូវការដំបូងបនេះនេះ វាអាចនឹងមានផលប៉ះពាល់ខ្លះ ជាមួយថ្ម (ឆាប់ឡើងកម្តៅ) និងភាគរយសុខភាព។ យ៉ាងណា បើសិជាអ្នកអាចនៅរង់ចាំបាន គួរចាំមួយរយៈខ្លីទៀត ព្រោះឥលូវនេះ លឺដំណឹងថា Apple កំពុងរៀបចំបញ្ចេញកំណែអាប់ដេត iOS 15 ក្នុងជំនាន់ថ្មីមួយទៀត អាចជា iOS 15.1 ឬ iOS 15.x នៅពេលឆាប់ៗខាងមុខនេះ ផងដែរ។
ដូច្នេះ ចំពោះការសម្រេចចិត្តចុងក្រោយយ៉ាងណានោះ គឺអាស្រ័យលើអ្នកទាំងអស់គ្នា ជាម្ចាស់ iPhone ផ្ទាល់ ដែលកំពុងមានឱកាសតម្លើងទៅ iOS 15 ផ្លូវការ។ បើតាមយោបល់ខ្ញុំ បើអ្នកចង់ភ្លក្សរសជាតិថ្មី បានតំណាលជាមួយគេ គឺអាចធ្វើការតម្លើងបាន តែបើជាអ្នកមិនទាន់មានតម្រូវការខ្លាំង និងមិនចង់ជួបបញ្ហាណាមួយទេ អាចធ្វើរង់ចាំឲ្យ Apple បញ្ចេញ iOS 15.x បាន 2 ទៅ 3 ជំនាន់ទៀតសិន ចាំតម្លើងក៏មិនយឺតពេលឡើយ ព្រោះពេលនោះ ការដុសខាត់ ក៏អាចនឹងបានល្អជាងពេលឥលូវដែរ។ ចុះប្រិយមិត្តដែលមានឱកាសតម្លើងទៅ iOS 15 ផ្លូវការ តើបានធ្វើការ Install និង Update រួចហើយឬនៅ? តើមានជួបបញ្ហាអ្វីដែរឬអត់? អាចធ្វើការបង្ហាញ និងចែករំលែកនៅកន្លែងផ្តល់មតិបាន។
ប្រភព ៖ Cambo Report