ក្រោយពីមានការលេចឮច្រើនលើកច្រើនសារថា Apple នឹងបើកព្រឹត្តិការណ៍ប្រកាសចេញ iPhone ជំនាន់ថ្មីនៅក្នុងអំឡុងខែកញ្ញាដូចដើមវិញនោះ ពេលនេះក្រុមហ៊ុនអាមេរិកខាងលើ បានធ្វើឲ្យដំណឹងនោះ ក្លាយជាការពិតមែនហើយ។
យប់មិញ Apple បានប្រកាសជាផ្លូវការ នូវគម្រោងក្នុងការបើកព្រឹត្តិការណ៍ថ្មីមួយរបស់ខ្លួន ដែលនឹងធ្វើការផ្សព្វផ្សាយចេញពីស្នាក់ការ Apple Park មកផ្ទាល់តែម្ដង។ ព្រឹត្តិការណ៍ថ្មីនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី 14 ខែកញ្ញាខាងមុខ ហើយបើគិតជាពេលវេលាក្នុងស្រុកយើង ព្រឹត្តិការណ៍នោះ នឹងចាប់ផ្តើមពីថ្ងៃម៉ោង 12 យប់ថ្ងៃទី 14 ចូលថ្ងៃទី 15 តែម្ដង។
ផលិតផលសំខាន់បំផុត ដែលយើងអាចរំពឹងខ្ពស់ថានឹងឃើញ Apple ដាក់បង្ហាញក្នុងព្រឹត្តិការណ៍ខាងលើ គឺជាវត្តមាន iPhone 13 Series នេះឯង ក៏ដូចជាអាចនឹងចេញទន្ទឹមគ្នានឹងផលិតផលជំនាន់ថ្មីមួយចំនួនទៀតដូចជា Apple Watch Series 7 ព្រមទាំងអាចនឹងមានកាសឥតខ្សែ AirPods 3 មកដូចគ្នា។
យោងតាមដំណឹងដែលយើងធ្លាប់បានដឹងកន្លងមក iPhone 13 Series អាចនឹងមានចំនួន 4 ម៉ូឌែលដូចឆ្នាំមុនអញ្ចឹង ជាក់ស្ដែងដូចជា iPhone 13 Mini, iPhone 13, iPhone 13 Pro និងចុងក្រោយគេគឺម៉ូឌែលធំ iPhone 13 Pro Max នោះឯង។ ម៉ូឌែលដែលរំពឹងខ្ពស់ថា នឹងទទួលបានការ Upgrade ច្រើនគឺម៉ូឌែល Pro ទាំងពីរតែម្ដង ដោយលើកនេះ វាអាចនឹងឡើងទៅអេក្រង់ 120Hz ជាមួយការបង្កើនបន្ថែមលើផ្នែកកាមេរ៉ា និងថាមពលថ្មជាដើម ហើយសម្រាប់ចំណុចដែលរំពឹងថា នឹងកែប្រែគ្រប់ម៉ូឌែលតែម្ដងនោះ គឺពួកវាអាចមានឆកតូចជាងមុន និងប្តូរទីតាំង Speaker ខាងលើ ទៅដាក់នៅលើស៊ុមលោហៈវិញ។
ប្រភព ៖ Cambo Report