មកមើលការកែប្រែធំៗនៃកាមេរ៉ារបស់ iPhone 13 Series តាមរយៈព័ត៌មានលេចធ្លាយចុងក្រោយ

Apple ប្រកាសច្បាស់ហើយថា នឹងបើកព្រឹត្តិការណ៍ថ្មីមួយ នៅក្នុងថ្ងៃទី 14 ខែកញ្ញាខាងមុខនេះ ដោយក្នុងនោះគឺទំនងជានឹងមានវត្តមាន iPhone 13 Series ចេញមក ដូចដែល Apple ធ្លាប់ធ្វើរាល់ឆ្នាំអញ្ចឹង។ មុនពេលវេលានោះមកដល់ យើងមកមើលដំណឹងលេចធ្លាយចុងក្រោយ ដែលបង្ហាញពីការកែប្រែសំខាន់ៗ ទាក់ទងនឹងផ្នែកកាមេរ៉ារបស់ iPhone 13 ទាំង 4 ម៉ូឌែលជាមុនសិន។

ចំណុចសំខាន់ដំបូងបំផុតនោះគឺថា គ្រប់ម៉ូឌែលទាំងអស់ នៅក្នុងខ្សែស្រឡាយ iPhone 13 Series ពោលគឺទាំង iPhone 13 Mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max គឺមានសង្ឃឹមខ្ពស់ នឹងទទួលបានមុខងារទប់លំនឹងកាមេរ៉ា Sensor-Shift Stabilization នៅលើកាមេរ៉ាគោលដូចៗគ្នា ខណៈកាលពីឆ្នាំមុន វាមានតែលើម៉ូឌែល Pro Max មួយប៉ុណ្ណោះ។ បន្ថែមពីនេះទៀត សម្រាប់ម៉ូឌែល iPhone 13 Pro និង Pro Max ក៏ត្រូវបានបង្ហាញថា អាចនឹងទទួលបានមុខងារទប់លំនឹង Sensor-Shift Stabilization នៅលើលេនទូលាយ Ultrawide ផងដែរ។ 

មិនត្រឹមតែប៉ុណ្ណោះ ក៏ធ្លាប់មានការបញ្ជាក់ដែរថា iPhone 13 Pro និង Pro Max អាចនឹងទទួលបានសេនស័រកាមេរ៉ាទំហំធំជាងមុន ដើម្បីជួយឲ្យពន្លឺចូលទៅកាន់កាមេរ៉ាបានច្រើនជាងមុន និងផ្តល់ឲ្យមកវិញ នូវគុណភាពរូបខ្ពស់ជាងមុនដូចគ្នា។

ម៉ូឌែល Pro Max ទំនងជានឹងទទួលបានលេនគោលមានកម្រិត Aperture f/1.5 ដែលនេះជាការ Upgrade បន្តិចពីលើឆ្នាំមុន ដែលប្រើសេនស័រមានកម្រិត Aperture f/1.6។ មិនត្រឹមតែប៉ុណ្ណោះទេ ម៉ូឌែល Pro ទាំងពីរ ក៏ត្រូវបានរំពឹងខ្ពស់ថា នឹងទទួលបានកែប្រែបន្ថែម ទៅលើការដាក់បញ្ចូលមុខងារ Autofocus មកជាមួយលេនទូលាយ Ultrawide ព្រមទាំងនឹងមានកម្រិត Aperture f/1.8 ទៀតផង ដែលអាចសន្មតបានថា សេនស័រកាមេរ៉ាមួយនេះ នឹងអាចផ្តល់ឲ្យរូបភាពកាន់តែភ្លឺច្បាស់ជាងកម្រិត Aperture f/2.4 នៅលើលេនទូលាយ Ultrawide របស់ iPhone 12 Pro និង Pro Max បច្ចុប្បន្ននេះ។ ទាក់ទងនឹងលេនទូលាយ Ultrawide មានកម្រិត Aperture f/1.8 នេះដែរ ប្រភពមួយចំនួនធ្លាប់បញ្ជាក់ថា ក៏មានភាគរយដែល Apple បំពាក់វានៅលើម៉ូឌែល iPhone 13 Mini និង iPhone 13 ធម្មតាដូចគ្នា។

ចំណុចចុងក្រោយ គឺផ្តោតទៅលើម៉ូឌែល iPhone 13 Pro ដោយវាអាចនឹងទទួលបានលេនពង្រីក Telephotos ប្រសើរជាងមុន ហើយក៏អាចនឹងទទួលបានការពង្រីកបែប Optical Zoom ឡើងដល់ 2.5 ដងដូចលើ iPhone 12 Pro Max សព្វថ្ងៃដែរ។

ប្រភព ៖ Cambo Report

 

Share on :