អ្នកវិភាគល្បីឈ្មោះមួយទៀតក៏ប្រាប់ថា iPhone 14 Pro ប្តូរទៅប្រើលេនទំលុះអេក្រង់វិញដែរ

កាលពីពេលដែល iPhone 13 Series ជិតចេញនោះ យើងទទួលបានដំណឹងលេចធ្លាយពីប្រភពល្បីឈ្មោះមួយទាក់ទងនឹង iPhone 14 ដោយគេបានបង្ហាញថា វាអាចនឹងទទួលបានរូបរាងដូច iPhone 4 ច្រើនវិញ ប៉ុន្តែកាមេរ៉ាមុខអាចនឹងក្លាយជាលេនទំលុះអេក្រង់តែម្ដង។ ដោយឡែកនៅក្នុងពេលនេះ អ្នកវិភាគល្បីឈ្មោះមួយទៀត បានចេញមុខបង្ហាញដូចការបង្ហាញនៅខាងលើដែរ ប៉ុន្តែមានការបញ្ជាក់ពីលក្ខណៈសម្បត្តិកាមេរ៉ាច្បាស់ជាងមុនបន្តិច។

 

មិនខុសទេ បើតាមអ្នកវិភាគល្បីឈ្មោះ Ming-Chi Kuo បានបង្ហាញកាលពីពេលថ្មីៗថា iPhone 14 Pro ទាំងពីរម៉ូឌែល ពោលគឺម៉ូឌែល Pro និង Pro Max នឹងត្រូវបាន Apple ប្តូរទៅប្រើប្រាស់លេនកាមេរ៉ាមុខ ជាប្រភេទទំលុះអេក្រង់វិញតែម្ដង។ បន្ថែមពីនេះទៀតនោះ អ្នកវិភាគខាងលើ ក៏បានបង្ហាញពីលក្ខណៈសម្បត្តិកាមេរ៉ាមកបន្តិចដែរ ដោយគេប្រាប់ថា iPhone 14 ម៉ូឌែលកំពូលទាំងពីរ អាចនឹងទទួលបានសេនស័រកាមេរ៉ាក្រោយថ្មី ទំហំដល់ 48MP ជាលេនគោលទៀតផង បន្ទាប់ពីជាប់គាំងនឹងទំហំ 12MP ច្រើនឆ្នាំមកហើយ។ 

បន្ថែមពីនេះបុគ្គលខាងលើ ក៏បានដកសម្តីដែលខ្លួនបាននិយាយលើកមុនចេញវិញ ដែលធ្លាប់ថា iPhone 14 Series នឹងទទួលបានសេនស័រ Touch ID ក្រោមអេក្រង់ ប៉ុន្តែលើកនេះគាត់បានបញ្ជាក់ជាថ្មីថា វានឹងមិនមានបំពាក់មកទេ។

 

 

ទន្ទឹមគ្នានោះដែរ លោក Kuo បន្ថែមថា ផលិតផលផ្នែក Hardware សំខាន់មួយទៀត ដែលជាគោលដៅលក់របស់ Apple នៅឆ្នាំក្រោយ គឺទៅលើ iPhone SE ជំនាន់ថ្មីតែម្ដង ដោយលើកនេះគេអាចដាក់ឲ្យវាគាំទ្រ 5G ដូចគ្នាដែរ ហើយសម្រាប់ពេលវេលាចេញវិញ គឺអាចនឹងស្ថិតក្នុងអំឡុងឆមាសទី 1 ឆ្នាំ 2022។ 

និយាយរួមមកវិញ មកទល់ពេលនេះមានបុគ្គលល្បី 2 នាក់ហើយ ពោលគឺ Jon Prosser និង Ming-Chi Kuo ខាងលើនេះ ដែលពួកគេបានបង្ហាញថា នឹងមានវត្តមានលេនទំលុះអេក្រង់ លើ iPhone ជំនាន់ក្រោយដូចគ្នា ហើយបើតាមការបន្ថែមរបស់លោក Prosser កន្លងទៅនោះ គេប្រាប់ថា មូលហេតុដែល Apple អាចធ្វើបែបនេះបាន គឺដោយសារតែគេរកវិធីបង្កប់សេនស័រ Face ID ក្រោមអេក្រង់បានហើយ។

 

ប្រភព ៖ Cambo Report

Share on :