ប្រហែលជាជាងមួយសប្តាហ៍មុន យើងបានចុះផ្សាយនូវដំណឹងមួយ ដែលបង្ហាញពីបញ្ហា នៅលើកម្មវិធី FaceTime ដោយនៅពេល នរណាម្នាក់បាន Call ជាវីដេអូ ទៅកាន់អ្នកដទៃ គឺស្រាប់តែលឺសំលេងចេញ ពីអ្នកនៅម្ខាងទៀតភ្លាមៗ ទាំងដែលគេមិនចុចទទួលផង។ កន្លងមកលើបញ្ហាមួយនេះ គឺមិនសូវជាមាន អ្នកណាបានដឹង និងចាប់អារម្មណ៍ឡើយ តែតាមការពិត វាបានកើតឡើងចាប់តាំងពី iOS 12.1 មកម្លេះ បន្តមកដល់ iOS 12.1.3 និងបានក្លាយជា ប្រធានបថមួយ ដែលអ្នកប្រើទាមទារ អោយខាង Apple ឆាប់ដោះស្រាយ។
ក្រោយទទួលបានរបាយការណ៍មួយនេះ Apple ក៏បានសន្យាថា ពួកគេនឹងបញ្ចេញកំណែ អាប់ដេតជំនាន់ថ្មី អោយបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាមួយនេះ។
ជាក់ស្តែង Apple ពិតជាបានពន្លឿន ដូចអ្វីដែលពួកគេ បានសន្យាមែន ដោយនៅក្នុងថ្ងៃនេះ ក្រុមហ៊ុនផ្លែប៉ោម បានដាក់ចេញកំណែអាប់ដេត លើប្រព័ន្ធប្រតិបត្តិការណ៍ជំនាន់ថ្មី iOS 12.1.4 ជាផ្លូវការហើយ។ សម្រាប់ប្រព័ន្ធ ប្រតិបត្តិការណ៍ ជំនាន់ថ្មីនេះ ត្រូវបានបញ្ចេញមក ដើម្បីដោះស្រាយបញ្ហា ចំបងគេ ពាក់ព័ន្ធនឹង Bug នៅលើកម្មវិធី FaceTime ដែលអ្នកប្រើបានជួបប្រទះ ហ្នឹងតែម្តង។ ក្រោយបានតម្លើងមក កំណែអាប់ដេតថ្មីនេះ បញ្ហា Call ជាវីដេអូ ទៅកាន់អ្នកដទៃ លោតលឺសំលេងចេញ ពីអ្នកនៅម្ខាងទៀតភ្លាមៗ ទាំងដែលគេមិនចុចទទួល នឹងមិនមាន ទៀតនោះទេ។ យ៉ាងណា សម្រាប់អ្នកដែលកំពុងប្រើ iPhone ហើយជួបបញ្ហា បន្តិចបន្តួចផ្សេងៗទៀត គឺអាចតម្លើងមកកាន់ ជំនាន់ផ្លូវការថ្មីនេះបាន ប៉ុន្តែប្រសិនបើគ្មាន បញ្ហាអីនោះទេ មិនចាំបាច់តម្លើង ក៏បានដែរ ហើយបើចំពោះម្ចាស់ iPhone ស៊េរីថ្មី គួរតែតម្លើងមកកាន់ ជំនាន់ iOS 12.1.4 ជាផ្លូវការនេះ ដើម្បីទទួលបាននូវ អ្វីដែលថ្មីៗ មកបន្ថែមទៀត។
សរុបមកវិញ នេះក៏ជាដំណឹងល្អមួយផងដែរ ដែល Apple បានធ្វើការបញ្ចេញ iOS 12.1.4 ចេញជាផ្លូវការ សម្រាប់អោយការប្រើប្រាស់ កាន់តែប្រសើរជាងមុន និងដោះស្រាយនូវបញ្ហា ដែលបានកើតឡើង កន្លងមក។ ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលកំពុង ប្រើប្រាស់ទាំង iOS 12.1.3 ឬ ក្រោមហ្នឹង (ជាជំនាន់ផ្លូវការ ទាំងអស់) បើមានចំណាប់អារម្មណ៍ អាចតម្លើងមក iOS 12.1.4 ផ្លូវការនេះបាន ដោយគ្រាន់តែចូល Settings > General > Software Update > Download & Install ជាការស្រេច ប៉ុន្តែត្រូវភ្ជាប់ WiFi ជាមុនសិន។
ប្រភព: Cambo Report