Apple Arcade សេវាកម្ម​ហ្គេម​ចេញ​ថ្មី លើក​ទីមួយ​របស់​ក្រុមហ៊ុន​ផ្លែប៉ោម

កាលពីរាត្រីថ្ងៃទី 25 ចូលថ្ងៃទី 26 ម្សិលមិញនេះ ក្រុមហ៊ុន Apple បានប្រារព្ធនូវព្រឹត្តិការណ៍ថ្មីមួយ ដែលផ្ទុយ​ពី​ការ​រំពឹង​ទុក​របស់​យើង ដោយ Apple ពុំបានប្រកាសចេញនូវផលិតផលជំនាន់ថ្មីរបស់ខ្លួននោះទេ ផ្ទុយទៅវិញ Apple បានយកឱកាស​នោះ​ប្រកាស​ចេញ​នូវ​សេវាកម្មថ្មីៗ​របស់ខ្លួន ដោយរាប់បញ្ចូលសេវាកម្មចាស់ៗដែរ តែក្រុមការងារបច្ចេកទេសរបស់ Apple បានដុះខាត់បន្ថែម ក្នុង​ការកែច្នៃ ឲ្យសេវាកម្មទាំងនោះមានភាពសម្បូរបែបជាងមុនច្រើន។

ជា​ក់​ស្ដែង​សេវាកម្មថ្មីស្រឡាងមួយត្រូវបានប្រកាសឡើងដោយលោក Tim Cook មានឈ្មោះហៅជាផ្លូវការថា Apple Arcade ជាការផ្គត់ផ្គង់សេវាកម្មលេងហ្គេមទៅដល់អតិថិជន Apple ភាគច្រើន ដែលកំពុងប្រើប្រាស់ឧបករណ៍មួយចំនួនរួមមានដូចជា៖

 

•    iPhone

•    iPad

•    កុំព្យូទ័រ Mac

•    និង Apple TV

 

Apple អះអាងថា ការនាំមកនូវសេវាកម្មលេងហ្គេមថ្មីនេះ គឺផ្ដោតសំខាន់ទៅលើភាពដើម គុណភាព ភាពច្នៃប្រឌិត និងពិសេសបំផុត​គឺអាចលេងបានសម្រាប់មនុស្សគ្រប់វ័យ ដោយមិនប្រកាន់អាយុឡើយ។ ជាងនេះទៅទៀតសេវាកម្មហ្គេមថ្មីនេះ ពេល​មានវត្តមានភ្លាម​នឹង​អាចប្រើប្រាស់បានជាង 150 ប្រទេស ដែលអតិថិជនប្រើប្រាស់អាចធ្វើការទាញយកហ្គេមមកលេងនៅក្នុង App Store នៅ​លើ​ប្រព័ន្ធប្រតិបត្តិការ iOS, macOS និង tvOS ជាមួយនឹងហ្គេមផ្ដាច់មុខចំនួន 100 ជាង ដែលពុំមានលេងនៅលើ Platform ផ្សេងៗ។

គួរបញ្ជាក់ផងដែរថាសេវាកម្មហ្គេម Apple Arcade នឹងមានវត្តមានក្នុងឆ្នាំ 2019 នេះតែម្ដង ដោយ Apple ពុំទាន់កំណត់កាល​បរិឆ្ឆេទ​ជាផ្លូវការនៅឡើយទេ ជាមួយដៃគូសហការណ៍ធំៗជាច្រើន ដែលសុទ្ធសឹងជាអ្នកផលិតហ្គេមល្បីៗដូចជា, LEGO, SEGA, Klei, Giant Squid, Finji, Snowman, Bossa Studios, Cartoon Network និងមួយចំនួនផ្សេងៗទៀត ដោយការប្រើប្រាស់​សេវាកម្ម​ថ្មីមួយនេះ អ្នកលេងហ្គេមទាំងអស់អាចលេងហ្គេមពេញ 100% ដោយមិនចំនាយប្រាក់បន្ថែមទៀតនោះទេ ហើយក៏ពុំ​មាន​ការ​បន្ថែមមកជាមួយនឹងការផ្សព្វផ្សាយពាណិជ្ជកម្មឥតបានការផងដែរ មានន័យថាលេងដោយគ្មានការរំខាន ដោយអាច​លេង​បាន​ទាំង Online និង Offline ទៀតផង។

Apple នឹងលាតត្រដាងបន្ថែមទៀតអំពីសេវាកម្មនេះ នៅពេលវាចេញជាផ្លូវការអំពីតម្រូវការពីម៉ាស៊ីន ដែលអាចប្រើប្រាស់ជាមួយនឹង​សេវាកម្ម​នេះ​បាន ដោយតម្លៃគឺមិនទាន់ចេញឲ្យដឹងនោះទេ។

 

ប្រភពពីៈ Cambo Report

 

Share on :