iPhone 13 Pro និង Pro Max ចេញផ្លូវការ មានអេក្រង់ 120Hz ឆកតូចជាងមុន ជាមួយកាមេរ៉ាកាន់តែខ្លាំង

អ្វីដែលយើងរង់ចាំបានមកដល់ហើយ មុននេះបន្តិច Apple បានប្រកាសចេញ iPhone ជំនាន់ថ្មីជាផ្លូវការ ដោយមិនខុសពីឆ្នាំមុនទេ សរុបទាំងអស់មានដល់ 4 ម៉ូឌែល ប៉ុន្តែសម្រាប់អត្ថបទមួយនេះ យើងនឹងធ្វើការរៀបរាប់តែម៉ូឌែល iPhone 13 Pro និង 13 Pro Max ប៉ុណ្ណោះ។ ក្រឡេកទៅមើលរូបរាងរបស់វាមួយភ្លែត គឺហាក់ដូចជាមិនខុសពីឆ្នាំមុនប៉ុន្មានឡើយ ប៉ុន្តែបើមើលលម្អិតទាំងលក្ខណៈសម្បត្តិទៀតនោះ វាមានចំណុចកែប្រែច្រើនគួរសម ដែលអាចឲ្យអ្នកគាំទ្រ Apple ស្វាគមន៍កក់ក្តៅបាន។

 

 

ដើម្បីកុំឲ្យខាតពេលយូរ យើងនឹងធ្វើការរៀបរាប់ចំណុចសំខាន់ផ្សេងៗរបស់ iPhone 13 Pro និង Pro Max តាមផ្នែកនីមួយៗ ដែល Apple បានប្រាប់៖

• ការរចនារូបរាង និងអេក្រង់

រូបរាងខាងក្រៅរបស់វាលើកនេះ មិនមានអ្វីឲ្យនិយាយច្រើនទៀតទេ ព្រោះស្រដៀងឆ្នាំមុនច្រើនដែរ ប៉ុន្តែអ្វីដែលកត់សម្គាល់បាននោះគឺថា កាមេរ៉ាខាងក្រោយលើកនេះ ទទួលបានប្រអប់ការ៉េធំជាងមុន ហើយសេនស័រកាមេរ៉ានីមួយៗ ក៏ឃើញថាទំហំធំជាងមុនដូចគ្នា។ រីឯផ្នែកខាងមុខវិញ ទាំងពីរម៉ូឌែលខាងលើ មានអេក្រង់លាតកប់គែម ក្រាលការពារដោយកញ្ចក់ Ceramic Shield ហើយទីបំផុត Apple សម្រេចចិត្តបង្រួមឆកឲ្យតូចជាងមុនបន្តិចហើយ។ 

ទៅមើលអេក្រង់ គឺមិនខុសពីជំនាន់មុនឡើយសម្រាប់ទំហំ ជាក់ស្ដែង iPhone 13 Pro Max មានទំហំ 6.7 អ៊ីញ រីឯ iPhone 13 Pro វិញ មានអេទំហំ 6.1 អ៊ីញ ដោយសុទ្ធតែជាប្រភេទ Super Retina XDR ឬប្រើបច្ចេកវិទ្យា OLED ហ្នឹងឯង។ ទីបំផុត Apple បំពាក់មុខងារ ProMotion មកដល់ iPhone ហើយ ពោលគឺវាមានល្បឿន Refresh Rate ឡើងដល់ 120Hz ដូចគេឯងដែរ ព្រមទាំងមានបច្ចេកវិទ្យា អាចធ្វើការតម្លើង ឬបន្ថយល្បឿន Refresh Rate ស្វ័យប្រវត្តិពី 10Hz ដល់ 120Hz អាស្រ័យតាមការប្រើជាក់ស្ដែង ដើម្បីជួយសន្សំថាមពលថ្ម។ ក្រៅពីនេះវាក៏មានបច្ចេកវិទ្យា True-Tone, Dolby Vision ក៏ដូចជាកម្រិតពន្លឺឡើងរហូតដល់ 1000nits ហើយអាចឡើងបានដល់ 1200nits សម្រាប់ HDR Content ទៀតផង។

 

 

• កាមេរ៉ា

នៅខាងក្រោយ កាមេរ៉ារបស់វាមានទម្រង់ដូចឆ្នាំមុនអញ្ចឹង ដោយនៅរក្សា 3 គ្រាប់ដដែល ប៉ុន្តែលើកនេះម៉ូឌែល Pro និង Pro Max មានសមត្ថភាពដូចគ្នា ហើយក៏ទទួលបានសេនស័រទំហំធំជាងមុន ជាក់ស្ដែង Apple បញ្ជាក់ថាលេនគោលមានកម្រិត Aperture f/1.5 មានសមត្ថភាពថតក្នុងប្លង់ពន្លឺទាបប្រសើរជាងមុន 2.2 ដង បន្តបំពាក់មកជាមួយបច្ចេកវិទ្យាទប់លំនឹង Sensor Shift Stabilization ខណៈពេលលេនទូលាយ Ultrawide វិញ មានកម្រិត Aperture f/1.8 លើកនេះក៏ទទួលបានបច្ចេកវិទ្យា Autofocus មកដែរ (ប្រសើរជាងមុន 92% នៅប្លង់ពន្លឺទាប) កាន់តែពិសេសលេនមួយនេះ ដើរតួថតមុខងារ Macro បានដូចគ្នា។ សម្រាប់លេនពង្រីក Telephotos វិញ ម៉ូឌែល Pro ទាំងពីរអាចពង្រីកបែប Optical ឡើងដល់ 3 ដងដូចគ្នា។ 

សមត្ថភាពជារួមចេញពីកញ្ចប់កាមេរ៉ាថ្មី បូករួមទាំងសេនស័រ LiDAR នៅលើនោះ Apple អះអាងថា ម៉ូឌែល Pro ទាំងពីរមានសមត្ថភាពថតវីដេអូកាន់តែប្រសើរជាងមុន ជាពិសេសគឺគេលើកយកមុខងារ Cinematic Mode មកនិយាយទៀតផង ជាមុខងារអនុញ្ញាតឲ្យការថតមានលក្ខណៈបែបភាពយន្ត ហើយប្រព័ន្ធកាមេរ៉ាថ្មីរបស់ iPhone ខាងលើ អាចធ្វើការកំណត់ Object Focus បានស្វ័យប្រវត្តិ និងរហ័សថែមទៀត។ នៅក្នុងមុខងារ Cinematic Mode នេះដែរ ក៏គាំទ្រ Dolby Vision HDR ព្រមទាំង TrueDepth Camera ជាដើម។ ក្រៅពីនេះវាក៏ទទួលបានមុខងារ Photo­graphic Styles ដែលជាមុខងារអនុញ្ញាតឲ្យអ្នកប្រើ មានសិទ្ធិជ្រើសរើសស្ទីល Tone និង Warmth តាមការចង់បានតែម្ដង។

 

 

• កម្លាំងម៉ាស៊ីន

មិនខុសពីរាល់ដង iPhone ជំនាន់ថ្មីតែងតែប្រើឈីបថ្មី ហើយលើកនេះ ឈីបនោះត្រូវបាន Apple ហៅថា A15 Bionic ដែលមាន 15 Billion Transistors ឯណោះ។ ឈីបថ្មីនេះ ត្រូវបានផ្អែកលើស្ថាបត្យកម្ម 5nm ដូចឆ្នាំមុនអញ្ចឹងដែរ ប៉ុន្តែលើកនេះ Apple អះអាងថា វាមានសមត្ថភាពប្រសើរជាងឈីបកំពូលរបស់ក្រុមហ៊ុនប្រកួតប្រជែងដល់ទៅ 50% ទៀតផង ចំពោះផ្នែក GPU។ សម្រាប់ទំហំផ្ទុកវិញ លើកនេះ Apple ផ្តល់ឲ្យដល់ទៅ 4 ជម្រើសតែម្ដង ដែលចាប់ពី 128GB, 256GB, 512GB និងចុងក្រោយឡើងដល់ 1TB ឯណោះ ខណៈពេលទំហំរ៉េមវិញ មិនបាច់សួររកទេ ព្រោះដូចរាល់ដង Apple មិនដែលប្រាប់នៅលើឆាកឡើយ។ ថាមពលថ្មក៏មិនត្រូវបានបង្ហាញដូចគ្នា ប៉ុន្តែគេបញ្ជាក់ថា ថ្មនៅលើ iPhone 13 Pro លើកនេះ អាចប្រើប្រាស់បានយូរជាងមុនដល់ទៅ 1.5 ម៉ោង ចំណែកឯម៉ូឌែល Pro Max វិញ អាចប្រើបានយូរជាងមុនដល់ 2.5 ម៉ោង ផងដែរ។

 

 

• ចំណុចសំខាន់ផ្សេងៗ

ក្រៅពីចំណុចដែលបានរៀបរាប់ខាងលើ គឺ iPhone 13 Pro និង Pro Max ក៏អាចគាំទ្រជាមួយ 5G បាន, បន្តប្រើរន្ធសាកថ្មជាប្រភេទ Lightning, មានមុខងារការពារទឹកពេញលេញកម្រិត IP68, មានស៊ុមជុំវិញជា Stainless Steel ហើយវាក៏មានភ្ជាប់មកជាមួយជម្រើសពណ៌ 4 ប្រភេទ ដែលរួមមានដូចជា ពណ៌ខៀវថ្មី Sierra Blue, ពណ៌ទឹកប្រាក់, ពណ៌មាស Gold និងចុងក្រោយគឺពណ៌បែបប្រផេះ ដែល Apple ហៅថា Graphite។

• តម្លៃដាក់លក់នៅសហរដ្ឋអាមេរិក

- iPhone 13 Pro មានតម្លៃចាប់ផ្ដើមពីខ្ទង់ ៤ លានរៀលឡើងទៅ ឬខ្ទង់ 999 ដុល្លារឡើងទៅ

- iPhone 13 Pro Max មានតម្លៃចាប់ផ្ដើមពីខ្ទង់ ៤ លាន ៤០ ម៉ឺនរៀលឡើងទៅ ឬខ្ទង់ 1,099 ដុល្លារឡើងទៅ។

សម្រាប់ពេលវេលាចេញលក់របស់ម៉ូឌែលទាំងពីរ គឺចាប់ផ្តើមនៅថ្ងៃទី 24 ចុងខែនេះតែម្ដង ខណៈការបើកឲ្យកុម្ម៉ង់ទុកមុននោះ គឺចាប់ផ្តើមពីថ្ងៃសុក្រចុងសប្តាហ៍នេះឯង។

 

 

សរុបរួមមកវិញ ទាំងនេះជា iPhone 13 Pro និង iPhone 13 Pro Max ដោយពួកវាត្រូវបាន Apple ដាក់បញ្ចូលចំណុចសំខាន់ៗជាច្រើន ដែលធ្លាប់ត្រូវបានអ្នកគាំទ្រសំណូមពរយូរឆ្នាំមកហើយ ជាក់ស្ដែងដូចជា ទទួលបានល្បឿន Refresh Rate 120Hz, ឆកកាន់តែតូចជាងមុន, ថាមពលថ្មប្រើបានយូរជាងមុន, កាមេរ៉ាគុណភាពខ្ពស់ជាងមុន ហើយវាក៏បំពាក់ឈីបកាន់តែខ្លាំងជាងមុនដូចគ្នាដែរ។ កាន់តែប្រសើរនោះ គឺថា Apple មិនបានតម្លើងតម្លៃដូចពាក្យចចាមអារ៉ាមឡើយ ដោយបន្តដាក់លក់ចាប់ផ្តើមពី 999 ដុល្លារ ទៅដូចឆ្នាំមុនដែរ។

អញ្ចឹងហើយ សម្រាប់ប្រិយមិត្តអ្នកអាន ក៏ដូចជាអ្នកដែលនិយមគាំទ្រយីហោ Apple វិញ តើយល់យ៉ាងណាដែរចំពោះ iPhone 13 Pro និង 13 Pro Max ថ្មីនេះ? កុំភ្លេចប្រាប់ពីចំណាប់អារម្មណ៍ពេលឃើញដំបូងរបស់អ្នកនៅក្នុង Comment ផង!

 

ប្រភព ៖ Apple និង Cambo Report

 

Share on :