នៅសល់ពេលមិនដល់កន្លះឆ្នាំទៀតទេ វត្តមានរបស់ Galaxy S22 Series ជំនាន់ថ្មីត្រូវបានគេរំពឹងខ្ពស់ថា នឹងបង្ហាញខ្លួនមកជំនួសដំណែងរបស់ Galaxy S21 Series នាពេលបច្ចុប្បន្ននេះហើយ។ ប្រាកដណាស់មុនពេលដែលវត្តមានចេញផ្លូវការ គឺតែងតែមានដំណឹងលេចធ្លាយជាច្រើនហូរហែរ ដែលបង្ហាញទាក់ទងនឹងលក្ខណៈសម្បត្តិសំខាន់ផ្សេងៗរបស់វា។
ដូចពេលថ្មីៗនេះអញ្ចឹង បើតាមការបង្ហាញចេញពីសំណាក់អ្នកចែករំលែកដំណឹងលេចធ្លាយល្បីឈ្មោះ Ice Universe តាមបណ្ដាញសង្គម Twitter នោះ បានបញ្ជាក់ឲ្យដឹងថា Samsung ទំនងជានឹងធ្វើឲ្យ Galaxy S22 កាន់តែមានទំហំអេក្រង់តូចជាងមុនថែមទៀត។ ទំហំអេក្រង់របស់វាត្រូវបានគេបង្ហាញគឺអាចនឹង 6.06 អ៊ីញប៉ុណ្ណោះ បើធៀបនឹង Galaxy S21 បច្ចុប្បន្នគឺមានទំហំ 6.2 អ៊ីញ។ ការបង្រួមអេក្រង់ឲ្យកាន់តែតូចនេះ ប្រភពខាងលើបានប្រាប់ថា ធ្វើឲ្យទំហំតួខ្លួនរបស់ Galaxy S22 ប្រហាក់ប្រហែលនឹង iPhone 12 ឬ iPhone 13 ដែរ។
មិនមែនបង្រួមតែអេក្រង់ និងតួខ្លួននោះទេ ជាក់ស្ដែងថាមពលថ្មរបស់វាក៏អាចនឹងបង្រួមដូចគ្នាដែរ ពោលគឺវាអាចនឹងមានទំហំត្រឹម 3,700mAh ប៉ុណ្ណោះ ខណៈពេល Galaxy S21 បច្ចុប្បន្នមានទំហំ 4,000mAh។
បើសិនជាការបង្រួមអេក្រង់នេះជាការពិតមែន ដូច្នេះវាអាចនឹងក្លាយជាទូរសព្ទឆ្លាតត្រកូល S ដែលមានអេក្រង់តូចបំផុតហើយ គិតចាប់ពី Galaxy S10 Series មក (លើកលែង Galaxy S10e ចេញ) ព្រោះថាចាប់ពីពេលនោះមក Samsung មិនធ្លាប់បញ្ចេញម៉ូឌែលណាក្នុងត្រកូលនេះ តូចជាងនឹងទៀតទេ។ កន្លងទៅយើងក៏ធ្លាប់បានដឹងទំហំអេក្រង់របស់ម៉ូឌែល Galaxy S22+ និង Galaxy S22 Ultra ដែរ ជាក់ស្ដែងម៉ូឌែល Plus អាចនឹងមានទំហំ 6.55 អ៊ីញ ខណៈម៉ូឌែល Ultra វិញ អាចនឹងបន្តប្រើប្រាស់ទំហំ 6.81 អ៊ីញដូចបច្ចុប្បន្ននេះដែរ។
ប្រភព ៖ Cambo Report